WHO៖ ជំងឺ​កូ​វីដ​១៩ នៅបន្ត​រាតត្បាត មាន​រយៈពេល​យូរ​ទៀត!​

ស្វី​ស​៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ថេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យ៉េ​សឹ​ស និយាយថា ភាពច្របូកច្របល់ និង​ភាពមិន​ពេញចិត្ត​ក្នុងការ​ដោះស្រាយ​វិបត្តិ Covid-19 មានន័យថា រោគរាតត្បាត​នេះ​នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ទម្រាំ​ដល់ទី​បញ្ចប់ ប៉ុន្តែ​វា​អាច​គ្រប់គ្រង​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ជាមួយនឹង​វិធានការ​សុខភាព​សាធារណៈ​សមស្រប ។

​

​ប្រមុខ​អង្គការ WHO រូបនេះ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យើង​ក៏​ចង់ឃើញ​សង្គម និង​សេដ្ឋកិច្ច​បើក​ឡើងវិញ ក៏ដូចជា​ការធ្វើដំណើរ និង​ពាណិជ្ជកម្ម​ឡើងវិញ​ផងដែរ​។ លោក​បន្ថែមថា ប៉ុន្តែ​ឥឡូវនេះ ផ្នែក​សង្គ្រោះបន្ទាន់​នៅក្នុង​ប្រទេស​ជាច្រើន​កំពុង​ទប់​លែង​ឈ្នះ ហើយ​ប្រជាជន​កំពុងតែ​ស្លាប់ ប៉ុន្តែ​វា​អាច​ចៀសវាង​បាន ។

​លោក ថេ​ដ្រូ​ស បាន​សង្កត់ធ្ងន់ថា វីរុស Covid-19 នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត ប៉ុន្តែ​យើង​មាន​ហេតុផល​ជាច្រើន​សម្រាប់​សុទិដ្ឋិនិយម លោក​ថា ការធ្លាក់ចុះ​នៃ​ករណី​ឆ្លង និង​ការស្លាប់ ក្នុងអំឡុងពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​បានបង្ហាញ​ថា វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ និង​ការ​បំប្លែង​ខ្លួន​របស់​វា អាច​បញ្ឈប់​បាន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close