ផ្ទុះមីនតោន សម្លាប់បុរសម្នាក់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីចម្ការ នៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បុរសម្នាក់ បានស្លាប់ភ្លាមៗ ពេលកំពុងភ្ជួរដីចម្ការដោយត្រាក់ទ័រ ជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ស៊ឹម ស៊ូ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។