សម្ដេច ស ខេង អញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ នៅទីតាំងបិទខ្ទប់ ក្នុងខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាទិវាទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូន អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វត្តមានរបស់សម្ដេចនាពេលនេះ គឺជាការផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងតួអង្គពាក់ព័ន្ធដែលបានកំពុងបំពេញភារកិច្ចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាជនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែមិនទាន់មានការថមថយនោះទេ និងថាពេលនេះការការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ គឺជារឿងសំខាន់បំផុតរបស់មនុស្សជាតិ ក្នុងនោះក៏រាប់ទាំងប្រទេសកម្ពុជាយើងដែរ។ សម្ដេចបន្តថា មន្ត្រីកងកម្លាំងទាំងអស់ក៏មិនខុសពីយើងគ្រប់គ្នានោះដែរ ប៉ុន្តែសម្រាប់ពួកគាត់ភារកិច្ចបំរើជាតិ និងប្រជាជនពិសេសការពារសេចក្ដីសុខជូនប្រជាជនមានអាទិភាពជាង។
សូមបញ្ជក់ថា នៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខអាជ្ញាធរ និងកងកម្លាំងកំពុងបំពេញភារកិច្ចនៅតាមគោលដៅអនុវត្តវិធានការបិទខ្ទប់ទីតាំងនានា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះដែរ ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ទឹកសុទ្ធ និងមីកំប៉ុងផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។