គ.ជ.ប ប្រើ​ឧទ្ធម្ភាគ​ចក្រ ដឹក​សម្ភារៈបោះ​ឆ្នោត​ទៅ​កាន់​ការិយាល័យ​មួយ​នៅ​ស្រុក​ពេជ្រាដា

នៅ​ព្រឹក​មិញ​នេះ ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង បាន​ដឹក​ជញ្ជូន​សម្ភារៈ​ដែល​បម្រើ​ដល់​ការ​បោះ​ឆ្នោត ទៅ​កាន់​ការិយាល័យ​មួយ ដែល​ស្ថិត​នៅ​ភូមិ​អន្រ្ទង ឃុំពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌល​គិរី។

លោក គិន ជាន ប្រធាន​គណៈ​កម្មការ​​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹងថា ការិយាល័យ​ដែល​ត្រូវ​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​​ដើម្បី​ដឹក​សម្ភារៈ​បោះ​ឆ្នោត​ទៅ​ទី​នោះ​ គឺការិយាល័យ​លេខ ០០៩១ ។

តាម​ការ​បញ្ជា​ក់​របស់​លោក គិន ជាន ការិយាល័យ​ដែល​ត្រូវ​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ដឹក​សម្ភារ​ៈ​បោះ​ឆ្នោត​ទៅ​នោះ គឺស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ក្រចេះ ជាទី​តាំង​ភូមិ​សាស្រ្ត​ដ៏​លំបាក ។

សូម​បញ្ជា​ក់ថា សម្រាប់​ខេត្ត​មណ្ឌល​គិរី​នេះ គឺ​នៅ​មាន​ទី​តាំង​​ការិយាល័យ​បោះ​ឆ្នោត​មួយ​ទៀត ដែល​ស្ថិត​នៅ​ភូមិ​ឡៅរមៀត ឃុំក្រង់តេះ ស្រុក​ពេជ្រាដា នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​សត្វ​ដំរី ​ដើម្បី​ដឹក​សម្ភារ​ៈ​បោះ​ឆ្នោត​ទៅ​កាន់​ទី​នោះ​ ដែល​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៨ កក្កដា ស្អែក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close