រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ម្នាក់ ជា​អ្នកលក់​នំ​នៅ​ផ្សារ​ក្រោម ខេត្តសៀមរាប

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ម្នាក់ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ទៅលើ​ឈ្មោះ ចឿ​ម ផល្លា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មុខរបរ អ្នកលក់​នំកូរ នៅ​ផ្សារ​ក្រោម ដែល​ករណីនេះ ជា​ករណី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ក្នុង​ខេត្តសៀមរាប​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ​បុគ្គល​ទាំងឡាយណា​ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ទទួល​ការផ្តន្ទាទោស​ពិន័យ​អន្តរការណ៍ ឬ​ដាក់ពន្ធនាគារ ដោយ​អនុលោម​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ពិសេស​អាជីវករ​ផ្សារ​ក្រោម និង​អ្នក​ធ្លាប់​ចេញចូល​ផ្សារ​ក្រោម សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close