អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា មិនរវល់និងបទល្មើសបំផ្លាញព្រៃព្រះរកា ដោយសម្អាងថាជាប់ឃោសនាបោះឆ្នោត
ប្រជាសហគមន៍ការពារ ព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនពេញចិត្តជាខ្លាំងចំពោះទង្វើរមិនអើពើរបស់ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងបក្សពួក។ ពួកគាត់បានបន្តថាកន្លង មកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជឿតែលើរ បាយការណ៍ភូតភររបស់ មន្ត្រីអាជ្ញាធរខេត្តព្រះវិ ហារ និងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ប៉ុណ្ណោះ ហើយមិនចុះត្រួតពិនិត្យស្ថាន ភាពជាក់ស្ដែងឡើយ។
នេះជាហេតុដែរនាំអោយមានបទល្មើសបំផ្លាញព្រៃព្រះរកា កាន់តែកើតឡើងខ្លាំងជាងមុនទៅទៀត ព្រោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងៀមហើយយកលេសជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គ្មានពេលបង្ក្រាបបទល្មើសព្រៃឈើទេ។
បច្ចុប្បន្ននេះសូម្បីតែដើមច្បោះជ័រ ដែលជាមុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ នៅតំបន់ព្រៃព្រះរកា ក៏កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យដែរ។
បើយោងតាមសម្តីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមឈ្មួញនិងក្រុមជនល្មើសមួយចំនួនកំពុងបង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា យ៉ាងគគ្រឹកគគ្រេងព្រោះទាំងអភិបាលខេត្ត ទាំងមន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ចពាក់ព័ន្ធសុទ្ធតែជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានលើកឡើងថា ព្រៃព្រះរកាដែលមានទំហំ ៩៦ ០០០ ហិកតា កំពុងរងការបំផ្លាញកាន់តែខ្លាំងឡើងៗព្រោះអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ក៏ដូចជាប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនខ្វល់ពីសេចក្ដីវិនាសព្រៃឈើនោះឡើយ។ ប្រភពខ្លះបានឲ្យដឹងថា បទល្មើសបំផ្លាញព្រៃព្រះរកា គឺជាប្រភពចំណូលរបស់លោក អ៊ុន ចាន់ដា ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធផងដែរ? ដូច្នេះហើយទើបពួកគេមិនចាត់វិធានការទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាព។ សូម្បីតែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលព្រៃព្រះរកា រងការបំផ្លាញកាន់តែខ្លាំងជាងមុនទៅទៀត ហើយឈើប្រណីតនិងឈើប្រភេទលេខ១ ស្ទើរតែវិនាសសាបសូន្យ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។