យប់មិញ បុរសអាយុ​៦៧ឆ្នាំម្នាក់ស្លាប់នៅខេត្តព្រះសីហនុ ដោយសារជំងឺកូវីដ១៩

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ​យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត​បានទទួលមរណៈភាព។

អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧:៣០នាទី ដោយមូលហេតុ ហត់ខ្លាំង។ ហើយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧:២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទទួលលទ្ធផល អ្នកជំងឺបានស្លាប់នៅម៉ោង១៨:៥០នាទី។ បុរសខាងលើទទួលមរណៈភាពដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។

ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងមិនដឹងថាខ្លួនមានផ្ទុកមេរោគកូវីដ-១៩នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរទើបមកសម្រាកព្យាបាល ធ្វើឱ្យក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន។

គួរ​បញ្ជាក់ថា នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥៩នាក់ ព្យាបាលជាសះស្បើយសរុបចំនួន ៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន៩៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close