លោកផ្កាយ២ និងបក្ខពួក ដែលជួបជុំស៉ីផឹកផ្គើនអាជ្ញាធរ ឥឡូវត្រូវឃុំខ្លួនហើយ

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃនេះ ចៅក្រមស៉ើបសួរ លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោកផ្កាយពីរ និងបក្ខពួក២នាក់ទៀត ទៅដាក់ពន្ធនាគារព្រៃសរហើយ។

ពួកគេត្រូវបានចោទប្រកាន់ពី «ការរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ និងដោយអនុវត្តនីតិវិធីបង្ហាញខ្លួនភ្លាម តាមមាត្រា៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានចែងអំពី «ការរារាំងដល់ការអនុវត្តវិធានការ» ដោយកំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្រប តាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២,០០០,០០០ (ពីរលាន) រៀល ទៅ១០,០០០,០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។