ចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់​ ក្រោយ​លួចដឹកមនុស្សឆ្លងខេត្ត ល្មើសនឹងបំរាមគោចរ

កាលពីថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើ​ការ​ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធនឹងករណីលួចនាំមនុស្សពីភ្នំពេញ ទៅកាន់ខេត្តស្វាយរៀង ដែលជាការល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនជាអ្នកសារព័ត៌មាន នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបំពេញបេសកកម្មនៅភ្នំពេញ។ លុះពេលទៅដល់ភ្នំពេញ ក៏​បានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េចំនួន០២នាក់ (បានអនុវត្តចត្តាឡីស័ក១៤ថ្ងៃរួច) មកស្រុកកំណើត ដោយយកថ្លៃចំនួន ៣៥០ដុល្លារ តែពេលមកដល់ចំណុចគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ក៏ត្រូវសមត្ថកិច្ចពិនិត្យ សួរនាំ និងធ្វើការឃាត់ខ្លួនតែម្តង។

ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close