សម្តេច ហ៊ុន សែន ចាក់វ៉ាក់សាំងដូសទី២រួចហើយនៅព្រឹកមិញ

សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស​តាម​រយៈ​បណ្តាញ​សង្គមថា ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីនាថ្ងៃទី ២៤ មេសា ខាងមុខ សម្តេច​ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះ សម្តេច​មិនបាន​ចាក់នៅមន្ទីរពេទ្យទេ គឺសម្តេចចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅ ដោយ​ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ ពោល គឺសម្តេច ហ៊ុន សែន និងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែ​ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានសម្រេចចាក់វ៉ាក់សាំងកូវីដ​១៩ដូសទី២ នៅថ្ងៃទី២០ មេសា វិញ។

បើតាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី២៣ មេសា ខាងមុខ មុនចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី គេ​នឹង​ត្រូវយកសំណាករបស់សម្តេច​ទៅ​ពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យ​អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយ​នៅ​ព្រឹកថ្ងៃទី២៤ មេសា ២០២១ សម្តេច​នឹង​ចេញដំណើរទៅហ្សាកាតា។ ហើយ​ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។

ពេលរសៀលការប្រជុំចាប់ផ្តើម ហើយ​ពេលចប់មិនថា ថ្ងៃឬយប់ សម្តេច​នឹង​ត្រូវត្រឡប់មកប្រទេស​កម្ពុជាវិញ ហើយ​ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចនឹងត្រូវយកសំណាកពិនិត្យម្តងទៀត។

​នៅពេល​ទៅ​ដល់ផ្ទះ សម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។ ហើយសម្រាប់សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close