ធនាគារជាតិ ជម្រុញ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាសប្រាក់ ជំនួស​ដោយ​ការទូទាត់​អេ​ឡិ​ត្រូ​និក ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្ដីជូនដំណឹង ដោយបាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការប្រើប្រាស់​ក្រដាសប្រាក់ ជំនួស​ដោយ​សេវា​អេឡិចត្រូនិក ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម​សេចក្ដីជូនដំណឹង បាន​បញ្ជាក់ថា «​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សហគមន៍ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ដ​អនុវត្តន៍​វិធានការ ការពារ​ហានិភ័យ ដែល​អាច​កើតឡើង​ជាយថាហេតុ ដោយសារ​ការ ប្រើប្រាស់​ក្រ​ដាក់​ប្រាក់ តាមរយៈ​ការសម្លាប់​មេរោគ​នៅលើ​ក្រ​ដាក់​ប្រាក់រៀល ដែល​ចូលមក​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ប​ញ្ជេ​ញ​ក្រដាសប្រាក់ ដែល​សម្លាប់​មេរោគ​រួច​ទៅក្នុង​ទីផ្សារ​វិញ​។

ធនាគារជាតិ​នៃ​កម្ពុជា សូម​បន្ដ​លើកទឹកចិត្ត​ក្នុងការ​កាត់បន្ថយ ការប្រើប្រាស់​ក្រដាស់ប្រាក់ ក៏ដូចជា​ការប្រើប្រាស់​/​ចេញផ្សាយ​មូលប្បទានប័ត្រ សម្រាប់​ធ្វើការ​ផាត់ទាត់ និង​ការទូទាត់​នានា ហើយ​ជំនួស​វិញ​ដោយ​ការប្រើប្រាស់ ការទូទាត់​អេឡិចត្រូនិក តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​»​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close