ដំបូងស្មានតែប៉ូលិសចាប់ ចុងក្រោយលោកស្នងការជួយទិញយកទាំងអស់
កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែល លោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ។
បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិត លោក ស ថេត ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយលោកក៏បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
បងស្រីម្នាក់នេះបានប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។