ឌុប​ប្រពន្ធ​ទៅ​ពេទ្យ​ទិញ​ថ្នាំ ត្រឡប់មកវិញ ភ្លើង​ឆេះ​ផ្ទះ​រួមទាំង​សម្ភារៈ ខ្ទេច​ទាំងស្រុង​

​ភ្នំពេញ ៖ ផ្ទះ​ឈើ​ប្រក់​សង្ក​សី​ចំនួន​មួយ​ខ្នង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង និង​សំភា​រះ​មួយចំនួន​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល វ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​។​

ផ្ទះ​រងគ្រោះ​ខាងលើ​មាន​ទំហំ ៥ គុណ​១០​ម៉ែត្រ សង់​ពី​ឈើ ប្រក់​សង្ក​សី ដែលមាន​ម្ចាស់​ឈ្មោះ សុ​ឹ​ម ផានិត (​ប្ដី​) និង​ឈ្មោះ សួន ស្រី​ល័​ក្ខ (​ប្រពន្ធ​) អ្នក​ទាំង​២​មានមុខ​របប​លក់ដូ​រ នៅ​ទីតាំង​កើតហេតុ ។​

តាម​សម្ដី​ប្ដី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគាត់​មិនបាន​នៅផ្ទះ​ទេ ដោយ​ប្រពន្ធ​មាន​ជំងឺ ហើយ​ប្ដី​បាន​ដឹក​ប្រពន្ធ​ទៅ​ទិញ​ថ្នាំលេប តែ​ស៊យ​ធំ ពេល​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​អគ្គីភ័យ​លេប​ប្របាក់​ផ្ទះ​របស់​ពួកគាត់​អស់ទាំង​ស្រុង​ទៅហើយ ដោយ​ឃើញ​មាន​បងប្អូន​អ្នកភូមិ និង​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ជួយ​បាញ់​ពន្លត់​ដែរ តែ​មិនអាច​គ្រប់គ្រង​ស្ថានភាព​អគ្គីភ័យ​បាន ។​

​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ខាងលើនេះ គេ​សង្កេតឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​បានមក​ធ្វើ​ការបាញ់​ពន្លត់ តែ​ប្រើប្រាស់​អស់​តែ​២​ឡាន​តែប៉ុណ្ណោះ ក៏​បាញ់​ពន្លត់អគ្គីភ័យ​រលត់ទៅវិញ​នៅវេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការខូចខាត​ទ្រព្យសម្បត្តិ​មានដូចជា ផ្ទះមួយ​ខ្នង ម៉ូតូ​ហុងដា​សេរី​០៥​មួយគ្រឿង និង​សំភា​រះ​លក់ដូ​មួយចំនួនធំ ។ ហើយ​ករណីនេះ បណ្ដាលមកពី​ទុសេ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ ដោយ​គ្មាន​មនុស្ស​នៅចាំ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close