ច្រើនណាស់​ឥណ្ឌា​! រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ដល់​ទៅ​ជាង​២៩៥,០០០ នាក់​ក្នុងពេល​២៤​ម៉ោង​

ការឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ឥណ្ឌា កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ រហូតដល់​ទៅ ជាង ២៩៥,០០០​នាក់ និង​មាន​អ្នកស្លាប់ ដល់​ទៅ​២.០២៣​នាក់​។ នេះ​ជា​ចំនួន​យ៉ាងច្រើន​មិន​ធ្លាប់មាន​ពីមុនមក ក្នុងពេល​មួយថ្ងៃ​​។​

​តួលេខ​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ប្រចាំថ្ងៃ​ខាងលើនេះ គឺជា​កំណត់ត្រា​ខ្ពស់បំផុត​ថ្មី​មួយទៀត​សម្រាប់​ឥណ្ឌា ស្ថិតនៅ​ចំពោះ​មុខការ lockdown រដ្ឋធានី​ញូ​ដេលី​មួយ​សប្តាហ៍ និង​ការអំពាវនាវ​ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី ណា​រិ​ដ្រា ម៉ូ​ឌី ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ដ៏​អាក្រក់​លើក​នេះ​។​

​លោក ណារិន​ដ្រា ម៉ូ​ឌី បានលើកឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា «​ជាថ្មី​ម្តងទៀត យើង​កំពុងស្ថិត​ក្នុងការ​ប្រយុទ្ធ​ដ៏​ធំ​មួយ​។ តាមពិត​ស្ថានការណ៍ បាន​ស្ថិតក្នុង​ការគ្រប់គ្រង​ទៅហើយ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ប៉ុន្តែ​វីរុស​កូ​រ៉ូ​ណា​ទី​ពីរ​នេះ បាន​បោកបក់​ដូចជា​ព្យុះ​»​។​

​គួរ​បញ្ជាក់ថា ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ឥណ្ឌា​កើន​ដល់ ១៥.៦​លាន​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១៨២,៥៧០​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១២.២៧​លាន​នាក់​។ ការឆ្លង​រាតត្បាត​យ៉ាងគំហុក​ត្រូវបាន​គេ​មើលឃើញ ចាប់តាំងពី​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​ទូទាំងប្រទេស​ឥណ្ឌា ចាប់ផ្តើម​ប្រារព្ធ​ពិធីបុណ្យ គុម មេ​ឡា (Kumbh Mela) ដែល​តែងតែមាន​ការជួប​ជុំគ្នា​យ៉ាង​ក​កុញ ហើយ​វា​នឹងមាន​រយៈពេល ពេញ​មួយខែ​មេសា​នេះ​តែម្តង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close