ប្រធានាធិបតី​រុស្ស៊ី ព្រមាន​បណ្តា​ប្រទេស​លោកខាងលិច កុំ​ប៉ះពាល់​ផលប្រយោជន៍​របស់​រុស្ស៊ី​

​ក្នុងពេលដែល​កំពុងតែ​តានតឹង​រវាង​រុ​ស្ស៊ិ​និង​ប្រទេស​លោកខាងលិច ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ថ្ងៃ​ពុធ ទី​២១ ខែមេសា​នេះ បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់​បណ្តា​ប្រទេស​លោកខាងលិច ចំពោះ​ការរំលោភបំពាន​លើ​ផលប្រយោជន៍​សន្តិសុខរ​បស់​រុស្ស៊ី ដោយ​និយាយថា ការឆ្លើយតប​របស់​ទីក្រុង​មូ​៉​ស្គូ​នឹង «​លឿន​រហ័ស​និង​ខ្លាំងក្លា​ជាទីបំផុត​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅ​ថ្ងៃ​ពុធ ទី​២១ ខែមេសា ឆ្នាំ​២០២១​។​

​ការព្រមាន​របស់លោក​ពូ​ទីន​បែបនេះ ធ្វើឡើង​ក្នុងអំឡុងពេល​សុន្ទរកថា​ប្រចាំឆ្នាំ​របស់លោក និង​បាន​កើតឡើង​ចំពេល​មានការ​បង្កើន​កម្លាំងយោធា​ដ៏​ធំ នៅតាម​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​ការរំលោភ​បទ​ឈប់​បាញ់​នៅក្នុង​ជម្លោះ​រយៈពេល ៧​ឆ្នាំ រវាង​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី និង​កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​កើនឡើង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ជំរុញ​ឱ្យ​វិមាន​ក្រឹម​ឡាំង​ដក​កងទ័ព​ចេញពី​តំបន់​នោះមក​វិញ​។​

​លោកពូ​ទីន​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សង្ឃឹមថា គ្មាន​នរណាម្នាក់​ហ៊ាន​ឆ្លង​ហួស​ខ្សែបន្ទាត់​ក្រហម ទាក់ទង​នឹង​ប្រទេស​រុស្ស៊ី​ទេ​។ ហើយ​យើង​នឹង​កំណត់​កន្លែង​ដែល​វា​ស្ថិតនៅ​ក្នុងករណី​ជាក់លាក់​នីមួយៗ​។ អ្នក​ដែល​ព្យាយាម​បង្កហេតុ​ណាមួយ ដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​សន្តិសុខ​ស្នូល​របស់​ប្រទេស​រុស្ស៊ី នឹងមាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​»​។​

​ទីក្រុង​មូ​ស្គូ​បាន​ច្រានចោល​ចំពោះ​ការព្រួយបារម្ភ​របស់​អ៊ុយ​ក្រែ​ន និង​បណ្តា​ប្រទេស​លោកខាងលិច​អំពី​ការបង្កើន​កងទ័ព​នៅតាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដោយ​និយាយថា វា​មិន​គំរាមកំហែង​ដល់​នរណាម្នាក់​ឡើយ ហើយ​រុស្ស៊ី​មាន​សេរីភាព​ក្នុងការ​ពង្រាយ​កម្លាំងរ​បស់​ខ្លួន​នៅលើ​ទឹកដី​របស់ខ្លួន​។​

​មិនតែប៉ុណ្ណោះ វិមាន​ក្រឹម​ឡាំង​ក៏បាន​ព្រមាន​ដល់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ប្រឆាំងនឹង​ការព្យាយាម​ប្រើ​កម្លាំង ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាងកើត ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម ដោយ​និយាយថា​ប្រទេស​រុស្ស៊ី​អាច​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ជន​ស៊ីវិល​នៅក្នុង​តំបន់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close