ក្រសួងកសិកម្ម និងកិច្ចការជនបទ ប្រទេសចិន ផ្តល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម២០ម៉ឺនដូស ដល់ក្រសួងកសិកម្មកម្ពុជា

ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល វ៉ាក់សាំងជម្ងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។ រហូតមកដល់ពេលនេះវ៉ាក់សាំងជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ ដែលមកទល់ពេលនេះ គឺបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមជាជំនួយរបស់ចិននេះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។