ពលរដ្ឋថា មានឈ្មួញវៀតណាមចូលមកទិញគោដល់ដីខ្មែរតាមច្រកស្វាយអាង៉ោង រាល់យប់ ដោយបង់លុយឲ្យប៉ូលិសព្រំដែន

(ព្រៃវែង) ៖ បើតាមសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរោង ភូមិចាម ភូមិគាធំ ភូមិព្រះស្ដេច ឃុំចាម នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញវៀតណាមជាច្រើននាក់បានចូលមកក្នុងទឹកដីកម្ពុជា តាមច្រករបៀងស្វាយអាង៉ោង ដើម្បីមកទិញសត្វគោក្របី ដោយធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ខណៈជំងឺកូវីដ១៩កំពុងតែរាតត្បាតយ៉ាងដូចនេះ។
ប្រជាពលរដ្ឋថា ១យប់ៗ មានឡានរបស់ឈ្មួញវៀតណាមប្រមាណពី ៥ ទៅ៦គ្រឿងបានចូលមកដឹកសត្វគោក្របី ដោយក្នុងឡាននីមួយៗមានមនុស្សជិះចាប់ពី៣ ទៅ៦នាក់, ហើយបើតាមសេចក្តីរាយការណ៍ ការដែលឈ្មួញវៀតណាមទាំងនោះអាចចូលមកបាន គឺពួកគេបានបង់លុយឲ្យសមត្ថកិច្ចនៅព្រំដែន ដោយម្នាក់ចំនួន ១០ម៉ឺនដុង។
នៅពេលដែលឈ្មួញវៀតណាមមកដល់ គេក៏បានឃើញឈ្មួញខ្មែរ ដែលបានដឹកគោក្របីឆ្លងពីបណ្តាខេត្តផ្សេងៗមិនក្រោមពី ២០ ទៅ៣០នាក់នោះទេ បានមកដោះដូរគ្នានៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្របែកនេះ។
ចំពោះករណីនេះ លោក មុឹង ម៉ន ប្រធានប៉ុស្តិ៍ការពារព្រំដែន 607ស្វាយអាង៉ោង បានថ្លែងថា មិនមានករណីនេះកើតឡើងទេ ដោយថា ចាប់តាំងពីផ្ទុះការរីករាលដាលជំងឺកូវីដ១៩ម្តង ច្រករបៀងទាំងអស់គឺត្រូវបានបិទហើយ៕

ដោយ៖ សាត ស៊ីន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។