សង្គមព្រឹកនេះ សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធចំណតនាវាដឹកអ្នកដំណើរឫស្សីកែវ
នៅព្រឹកថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោយដាក់ឲ្យដំណើរការបណ្តោះអាសន្នអស់រយៈពេលប្រមាណ៤ខែកន្លងមកនេះ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈកាន់តែងយស្រួលសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញអោយឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលា និងមិនមានការកកស្ទះចរាចរណ៍។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។