រមណីយដ្ឋាន​អង្គរ បើកទទួល​អ្នកទេសច​រ​ចូល​ទស្សនា​ឡើងវិញ​ហើយ​!

​ខេត្តសៀមរាប​៖ រមណីយដ្ឋាន​អង្គរ នឹង​បើកទទួល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា តទៅ​បន្ទាប់ពី​រមណី​ដ្ឋា​ន​ដែល​សំបូរ​ប្រាង្គ​ប្រាសាទ​មួយ​នេះ​បាន​បិទ​អស់​មួយរយ​:​ពេល ដោយសា​រវិ​បិ​ត្ត​ជំងឺឆ្លង​កូវ​វីដ​-១៩​។​

​ឯកឧត្តម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​ថា ការបើកទទួល​អ្នកទេសច​រ​ឲ្យ​ចូលមក​ទស្សនា​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នាពេល​នេះ គឺ​ស្របតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបើក​ឡើងវិញ​នូវ​រមណី​ដ្ឋា​ន​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​។​ ​ឯកឧត្តម​លើកឡើងថា “ យើង​នឹង​ចាប់ផ្តើម​បើក​រមណីយដ្ឋាន​អង្គរ​ស្របទៅតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបើក​ឡើងវិញ​នូវ​ទី​រមណី​ដ្ឋា​ន​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​”​។​

​ជាមួយនឹង​ការបើក​ឲ្យ​ចូល​ទស្សនា​ឡើងវិញ​នេះ ឯកឧត្តម ឡុង កុសល ក៏បាន​អំពាវនាវ​ដល់​អ្នកទេសច​រទាំង​ជាតិ និង​អន្តរជាតិ ចូលរួម​អនុវត្ត​វិធានការ​”៣​កុំ ៣​ការពារ​” ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​ ​ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ការធ្វើ​ចរាចរណ៍ ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​បាន​បិទ​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា នៅ​ទូទាំងប្រទេស​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។

​ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មិនមាន​ការ​ថមថយ​នោះ នៅ​ថ្ងៃទី​១៧ ខែមេសា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស​ម្តេ​អគ្គមហាសេនាបតី​តេ​ជោ បានចេញ​សេចក្តីសម្រេច​បន្ត​ការបិទ​នេះ រយ​:​ពេល​៨​ថ្ងៃ​បន្ថែមទៀត​។​ ​ប៉ុន្តែ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បើក​ឲ្យ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក៏ដូចជា​បើក​ឡើងវិញ​នូវ​រមណី​ដ្ឋា​ន​ទេសចរណ៍​ទូទាំងប្រទេស​កម្ពុជា លើកលែងតែ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល និង​តំបន់​នានា​ដែល​ត្រូវ​បន្ត​វិធាន​ការបិទ​ខ្ទប់ ដែល​សម្រេច​ដោយ​រដ្ឋបាល​ខេត្ត​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close