ឯកឧត្តម គួច ចំរើន ដាក់ឲ្យប្រើប្រាស់មធ្យោបាយចល័ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរ ដល់លំនៅដ្ឋានពលរដ្ឋ នៅក្នុងតំបន់ក្រហម

ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគលក់ដូរដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម រួមមាន៖ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយ និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុជាបណ្តោះអាសន្ននេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដាក់ចេញវិធានការនេះ ខណៈដែលអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្ន ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតផ្សារទំនើប Furi សូមអញ្ជើញមកទិញគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខទៀត នៅទីតាំងផ្សារបណ្តោះអាសន្ន ដែលរដ្ឋបាលខេត្តបានរៀបចំនេះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ដោយមានការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលដែលក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលកើនឡើង។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រង និងអាជីវករលក់ដូរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមសង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស គម្លាតសុវត្ថិភាព លាងដៃជាមួយនឹងទឹកអាល់កុល ជែល និងទឹកសម្លាប់មេរោគផ្សេងៗឱ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺបីការពារបីកុំឱ្យបានខ្ជាប់ខ្ជួនដើម្បីយើងចៀសសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។