កម្ពុជា នៅតែសង្ឃឹមបើទោះជាតួលេខ ក្នុងពិភពលោកក៏ដូចជាកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ

ភ្នំពេញ៖ អ្នកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែសង្ឃឹម បើទោះជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជាបង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ។

លោកស្រី បានឲ្យដឹងទៀតថា នៅទូទាំងសកលលោកចំនួនករណីវិជ្ជមានវិរុសកូវីដ១៩ថ្មី ក្នុងមួយសប្តាហ៍បានកើនឡើងជិតទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវិរុសកូវីដ១៩ថ្មី មានចន្លោះពី ២៩១ ទៅ៦៥៥នាក់ ក្នុងមួយថ្ងៃ។
លោកស្រីបានបន្ថែម យើងដឹងថា មិនទាន់យឺតពេលបង្វែរស្ថានការឱ្យប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាជាធ្លុងមួយ ជាប្រជាជាតិមួយ ជាសង្គមមួយ ដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយសាមគ្គីភាព។
ជំងឺកូវីដ១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ។ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រង់ស្ថានការផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាពក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។