អាមេរិក នឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ឥណ្ឌា ខណៈរងការរាតត្បាតពីជំងឺកូវីដ១៩ យ៉ាងគំហុក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា ប្រទេសរបស់លោកនឹងធ្វើការបញ្ជូនវត្ថុធាតុដើមជាបន្ទាន់សម្រាប់វ៉ាក់សាំងបង្ការជំងឺ Covid-19 , ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ការពារជាដើម ដើម្បីជួយដល់ប្រទេសឥណ្ឌា ក្នុងការឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងវីរុសនេះដ៏ច្រើនលើសលុប ។
លោក បៃដិន បានបង្ហោះសារនៅលើ Twitter បន្ទាប់ពីបានប្រកាសពីបញ្ជីវិធានការណ៍នៅឯសេតវិមានថា ដូចដែលប្រទេសឥណ្ឌាបានបញ្ជូនជំនួយទៅអោយសហរដ្ឋអាមេរិក នៅពេលមន្ទីរពេទ្យរបស់យើងមានភាពតានតឹងនៅដំណាក់កាលដំបូងដោយសារជំងឺរាតត្បាតនោះ ពួកយើងបានប្តេជ្ញាចិត្តជួយដល់ឥណ្ឌាវិញក្នុងពេលមានតម្រូវការចាំបាច់ ។ ហើយក្រៅពីសហរដ្ឋអាមេរិកនោះ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើមក៏បានសន្យាផ្តល់ជំនួយដល់ប្រទេសឥណ្ឌាផងដែរកាលពីថ្ងៃចុងសប្តាហ៍មុន ។
ឆ្លើយតបនឹងការកើនឡើងករណីឆ្លង Covid-19 យ៉ាងគំហុកនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានធ្វើការជំរុញអោយប្រជាជនរបស់ខ្លួនទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង និងបង្កើនការប្រុងប្រយ័ត្នខ្លាំងឡើង នៅពេលដែលប្រទេសខ្លួនបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ករណីឆ្លងថ្មីៗក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។