ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ២ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ២ប្រភេទ មានសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានសម្រេចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រួចហើយនោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ។
ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុចំពោះមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវចំណុចសំខាន់ ២ចំណុច រួមមាន៖ ទី១ គឺចំពោះគោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទី២ គឺចំពោះគោលដៅផ្សេងទៀតនៃខេត្តកណ្តាលក្រៅពីក្រុងតាខ្មៅ និងខេត្តផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។