រដូវវស្សានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែឧសភាខាងមុខនេះហើយ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា ជ្រលងសម្ពាធទាបឥណ្ឌាកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសជាបណ្តើរៗមកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ខាងមុខ។
ផ្អែកលើស្ថានភាពវិវត្តន៍ នៃអាកាសធាតុនេះ ក្រសួងធ្វើការព្យាករណ៍ថា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន នៅបណ្តាខេត្តតំបន់ទំនាបកណ្តាល ដោយក្នុងនោះក៏អាចមានផ្នែកមួយចំនួន នៃបណ្តាខេត្តភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀងក្នុងកម្រិតច្រើនផងដែរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ហើយសម្រាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។
ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ជាពិសេសនៅបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។