WHO៖ ស្ថានភាពជំងឺកូវីដ១៩ នៅឥណ្ឌា ចំនួនអ្នកឆ្លង និងស្លាប់កើនឡើង ហួសពីសោកនាដកម្ម
ស្វីស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសអាសន្នពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ដោយបញ្ជាក់ថា អង្គការ WHO បាននិងកំពុងដុតដៃដុតជើង ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ ។
ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺជាច្រើន ប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីសុំជំនួយដូចជាការផ្គត់ផ្គង់អុកស៊ីសែន និងទីតាំងដែលមានគ្រែពេទ្យ ព្រមទាំងបានបង្ខំអោយរដ្ឋធានីញូដេលីបន្តការបិទខ្ទប់រយៈពេល១សប្តាហ៍ទៀត ។ ជុំវិញបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា គឺលើសពីសោកនាដកម្មទៅទៀត ។
លោក ថេដ្រូស បន្ថែមថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមទីភ្នាក់ងារជាច្រើនទៀត ដែលកំពុងបញ្ជូនអុកស៊ីសែនរាប់ពាន់បំពង់ មន្ទីរពេទ្យចល័តដែលបានរៀបចំទុកជាមុន និងការផ្គត់ផ្គង់មន្ទីរពិសោធន៍ជាដើម ។
រីឯអង្គការ WHO ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនជាង២ពាន់៦រយនាក់ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌា ក្នុងការជួយឆ្លើយតបនឹងវីរុស Covid-19 ផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។