ថៃ​៖ កូ​វីដ​១៩ បានសម្លាប់​មនុស្ស ១៥​នាក់ ក្នុង​មួយថ្ងៃ ខ្ពស់បំផុត​មិន​ធ្លាប់មាន​

​ក្រៅពី​អ្នក​ឆ្លង​ជាង​២០០០​នាក់ ក្នុង​មួយថ្ងៃៗ ពេលនេះ​ថៃ ប្រឈម​នឹង​ការស្លាប់​ខ្ពស់បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ការផ្ទុះ​កូ​វីដ​១៩ រហូតមកទល់​ពេលនេះ គឺមាន​រហូតដល់​១៥​នាក់​ក្នុង​មួយថ្ងៃ​។​

​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​២៧​ខែមេសា​បាន​ផ្សាយ​ថា អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​ថៃ (CCSA) បានប្រកាស​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ​ថា អ្នកជំងឺ COVID-19 រហូតដល់ ១៥​នាក់​ទៀត​បាន​បាត់បង់​ជីវិត នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ ដែលជា​ចំនួន​ករណី​ស្លាប់​ច្រើន​បំផុត មិន​ធ្លាប់មាន​នោះឡើយ​។​

CCSA បាន​គូស​បញ្ជាក់ទៀតថា នៅក្នុង​រយៈពេល ២៤​ម៉ោង​ដូចគ្នា អ្នក​ឆ្លង​ជំងឺ COVID-19 សរុប ២,១៧៩​នាក់​ទៀត​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ ក្នុងនោះ ២,១៤៩​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក និង ២៥​នាក់​ទៀត​ជា​ករណី​នាំចូល​មកពី​ក្រៅប្រទេស​។ ទីក្រុង​បាងកក​, ខេត្ត​ឈៀង​ម៉ៃ​, ខេត្ត​ឈុន​បុរី និង​សាមុត​ប្រា​កាន នៅតែ​តំបន់​ដែល​កំពុង​រង​ការវាយលុក ខ្លាំងក្លា​ជាងគេ​ដោយសារ COVID-19 នៅក្នុង​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់ថា ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ថៃ​កើន​ដល់​ជិត ៦០,០០០​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ១៦៣​នាក់ និង​ជះ​ស្បើយ​ឡើងវិញ​ជិត ៣២,០០០​នាក់​។ បើតាម CCSA ពេលនេះ​អ្នកជំងឺ COVID-19 កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ បាន​កើន​ឡើងដល់​ជិត ២៦,០០០​នាក់ ក្នុងនោះ ១៦៩​នាក់​កំពុង​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដោយមាន​បំពាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close