អាជ្ញាធរ​ជាតិ​អប្សរា​៖ ការងារ​ស្ដារ​ពើក កំពុង​ចាប់ផ្តើម​អនុវត្ត​នៅ​ក​សិន្ធុ​ខាងលិច​ក្រុង​អង្គរធំ​

​ខេត្តសៀមរាប​៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​អនុវត្ត​សកម្មភាព​ស្ដារ​ពើក​នៅក្នុង​ក​សិន្ធុ​ក្រុង​អង្គរធំ​។ ការអនុវត្ត​ជំហាន​ដំបូង​នេះ ធ្វើឡើង​នៅ​ក​សិន្ធុ​ខាងលិច ឬ​ជាប់​ខ្លោងទ្វារ​តា​កាវ នៃ​ក្រុង​អង្គរធំ​។​

​ក្រុមការងារ​ស្ដារ​ពើក បានបង្ហាញ​សកម្មភាព​ដ៏​មមាញឹក ក្នុងការ​អូស ទាញ និង​លើក​ពើក​ដ៏​ក្រាស់ ចេញពី​ទឹក មក​ទម្លាក់​លើគោក​ជាប់​ច្រាំង​ក​សិន្ធុ​។ ស្មៅ​និង​រុក្ខជាតិ​តូចៗ ដែល​កក​ក្លាយជា​ពើក​នោះ មាន​សភាព​ក្រាស់ និង​កន្លែង​ខ្លះ​ស្ទើរ​មើល​ទឹក​មិនឃើញ ហើយ​នៅ​ផ្នែក​ខាងក្រោម មាន​កំណក​ដី​ប្រមាណ​៦​តឹក​។​

​លោក ញ៉ែម រស្មី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ឲ្យ​ដឹងថា ការងារ​នេះ​នាយកដ្ឋាន​បាន​ប្រើប្រាស់​កម្លាំង​ជិត​៤០​នាក់ ដែល​ចាប់ផ្តើម​ស្ដារ​ពើក​ពី​ថ្ងៃទី​២៤ ខែមេសា មក​។ លោក​បន្ថែមថា ការងារ​មាន​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ដូចជា​សត្វ​អាសិរពិស ដែល​រស់នៅក្នុង​ពើក ដែលជា​ហានិភ័យ​សម្រាប់​កម្មករ​ដែល​ចុះ​កាត់​ពើក​។

​មួយទៀត​ដែលជា​ការលំបាក និង​ធ្វើ​ឲ្យ​ការងារ​មិនអាច​ធ្វើ​លឿន​ទៅបាន គឺ​ពើក​ដែលមាន​សភាព​ក្រាស់ ធ្ងន់ ដូច្នេះ​ត្រូវមាន​បច្ចេកទេស​កាត់​ច្រៀក​ចំណិត​តូចៗ ដើម្បី​ងាយស្រួល​លើក​ចេញ​។ យ៉ាងណា លោក ញ៉ែម រស្មី បញ្ជាក់ថា ក្រុមការងារ​កំពុងរ​ក​វិធីសាស្ដ្រ​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​ការងារ​បាន​ទៅមុខ​លឿន ដូចជា​ការប្រើ​ឧបករណ៍​ជំនួយ​ដើម្បី​អូស​ពើក ដែល​បច្ចុប្បន្ន​ប្រើតែ​កម្លាំង​មនុស្ស​អូស​ផ្ទាល់​។​ ​ការងារ​ស្ដារ​ពើក​ជា​ជំហាន​ដំបូង​នេះ គឺមាន​ប្រវែង ទទឹង​១០០​ម៉ែត្រ បណ្ដោយ ១៥០០​ម៉ែត្រ ដើម្បី​ចូលរួម​អភិរក្ស និង​លើក​តម្លៃ​ឡើងវិញ​នៃ​រមណីយដ្ឋាន​អង្គរ​។​

​សូមបញ្ជាក់ថា ពើក​ស្មៅ​ដ៏​ក្រាស់​នេះ កកើតឡើង​ដោយសារ​រុក្ខជាតិ​តូចៗ​ក្នុង​ទឹក​ដូចជា​កំប្លោក ស្លែរ នៅក្នុង​ទឹក​រយៈពេល​យូរ កង្វះ​ការសម្អាត​គ្រប់គ្រាន់ ទើប​បណ្ដាល​ឲ្យ​កក​ក្រាស់​កើតជា​ពើក​ដូច្នេះ​។ គេ​រំពឹងថា បរិស្ថាន​នៅ​ក​សិន្ធុ​ខាងលិច​នៃ​ក្រុង​អង្គរធំ នឹង​ប្រែជា​ស្រស់ស្អាត និង​ទាក់ទាញ​ឡើងវិញ បន្ទាប់ពី​ការងារ​ស្ដារ​ពើក​នេះ​បានបញ្ចប់​ទៅតាម​ការគ្រោង​ទុក ហើយក៏​ងាយស្រួល​ក្នុងការ​ផ្ទុក​ទឹកបាន​ច្រើនជាង​ពេលមុន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close