ទឹកជំនន់​ទន្លេ​ល្ពៅ និង​ទន្លេមេគង្គ​លើ កំពុង​ជន់​លិចលង់​ឃុំ​២ នៅ​ស្រុក​ឆែប ឯ​ស្ទឹងត្រែង និង​ក្រចេះ កំពង់ចាម កំពុង​លិចលង់​

​ខេត្តព្រះវិហារ ៖ ស្ថានភាព​ទឹកទន្លេ​ល្ពៅ និង​ទន្លេមេគង្គ​លើ ដែល​ធ្លាក់​មកពី​ប្រទេស​ឡាវ និង​ថៃ បាន​ជន់​ឡើង​ខ្លាំង​បាន​បង្ក​ផល​បះ​ពាល់​ដោយ​ទឹកជំនន់​នេះ លើ​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ​។ ករណីនេះ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​ដែល​អមដំណើរ​ដោយ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ រួមជាមួយ​អាជ្ញាធរ​ស្រុក​ឆែប និង​អង្គភាព មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​។​

​ពាក់ព័ន្ធ​ការចុះទៅ​ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់​ស្រឡៅ​២ របស់លោក​អភិបាលខេត្ត​នាពេលនេះ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា​៖ គឺ​ទៅ​មើល​ស្ថានភាព​ជាក់ស្ដែង​ជាមុន ដើម្បី​ត្រៀមលក្ខណៈ​ពេល​ទឹក​លើង​ខ្លាំង និង​រក​ចំណុច​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​នៅ​បណ្ដោះអាសន្ន​។​

​រដ្ឋបាលខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​១ ខែសីហា​នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ​លើ និង​ទន្លេរ​ល្ពៅ ឲ្យ​យក​ស្មារតី​ប្រុងប្រយ័ត្ន នូវ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ឡើង​ខ្លាំង​នេះ ព្រមទាំង​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែប ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​យើង និង​ត្រូវ​ត្រៀម​គ្រប់​មធ្យោបាយ​នានា​ក្នុងការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​។​

​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ និង​ទន្លេ​ល្ពៅ កំពុង​កើនឡើង​ខ្ពស់​ដោយសារ​កម្រិត​ទឹកភ្លៀង នៅ​តំបន់​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ​និង​ឡាវ ដល់​កម្រិត​ត្រៀម​បង្ការ សង្គ្រោះ និង​បន្ត​កើន​ឡើងជា​បន្ត​បន្ទាន់ នៅ​ថ្ងៃ​ខាងមុខ​ទៀត នាំ​ឲ្យ​មានការ​លិចលង់​តំបន់​មួយចំនួន​តាម​បណ្តោយ​ព្រំដែន​ព្រះវិហារ ចម្ប៉ា​សាក់ ។​

​អាជ្ញាធរ​ស្រុក ត្រូវ​ពង្រឹង​ការតាមដាន​ត្រួតពិនិត្យ ក្រើនរំលឹក​ទៅ​អាជ្ញាធរ​ឃុំ សហគមន៍​របស់ខ្លួន ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ប្រឹងប្រែង​អស់​លទ្ធភាព​សហការ និង​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាពលរដ្ឋ សត្វ​ចិញ្ចឹម សម្ភារៈប្រើប្រាស់​ដែល​នឹង​អាច​រង​ការលិចលង់ ទៅកាន់​ទីទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា ជាពិសេស​ត្រូវមាន​មន្ត្រី​ប្រចាំការ​របស់ខ្លួន ដើម្បី​ប្រមូល​ព័ត៌មាន សម្របសម្រួល​ទំនាក់ទំនង និង​រាយការណ៍​មក​លេខាធិការដ្ឋាន គ្រប់​គ្រប់​គ្រោះថ្នាក់​មហន្តរាយ​ខេត្ត រដ្ឋបាលខេត្ត ឲ្យ​បាន​ទាន់ពេលវេលា​។​

​ចំណែក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ខណៈ​ទឹកទន្លេ​មេគង្គ​កំពុងមាន​ការកើនឡើង​ជា​បន្តបន្ទាប់ នា​ព្រឹក​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ២ គ្រឿង នៅ​ចំណុច​ស្ពាន​គី​ហ្សូ​ណា ដើម្បី​ត្រៀម​បូម​រំដោះ​ទឹក​បញ្ជៀ​ស​ការលិចលង់​ក្រុង​កំពង់ចាម ។ គួរបញ្ជាក់​ផងដែរ​ថា មកដល់​ម៉ោង ១១ ព្រឹក​ថ្ងៃទី ១ ខែសីហា នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១៤,៨៩ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​) ។​

​នា​ព្រឹក​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន ២ គ្រឿង បន្ថែមទៀត កំពុង​ត្រូវបាន​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រៀបចំ​ដំឡើង ដើម្បី​ជួយ​អន្តរាគមន៍ បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្រុង​ស្ទឹងត្រែង ។​

​មកដល់ពេលនេះ ការអន្តរាគមន៍​បូមទឹក​ភ្លៀង ចេញពី​ក្រុង​ស្ទឹងត្រែង គឺ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម សរុប ចំនួន ៣ គ្រឿង​នៅលើ ៣ ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ ៖ ទីតាំង​ទី ១ ស្ថិតនៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ។ ទីតាំង​ទី ២ ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ស្ទឹងត្រែង ។ ទីតាំង​ទី ៣ ស្ថិតនៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ។​

​សូមជម្រាបថា ទន្ទឹមនឹង​ការ​គម្រាមកំហែង ពី​ទឹកជំនន់​ទន្លេមេគង្គ​លើ តំបន់​មួយចំនួន ក្នុង​ក្រុង​ស្ទឹងត្រែង ក៏​កំពុង​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ ។ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​បន្ត​កើនឡើង​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន មួយចំនួន​បន្ថែមទៀត នា​ព្រឹក​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ ។ សូម​ជម្រាបជូន​ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃទី ៣១ នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ១០,៩៣ ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០​ម៉ែត្រ ប៉ុណ្ណោះ ។ ឯ​ទឹកទន្លេ​មេគង្គ ជន់​ឡើង​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ ក្នុង​ខេត្តក្រចេះ ។​

 

សូមបញ្ជាក់​ជូន​ថា មកដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ២១,៦១ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២ ម៉ែត្រ​) ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ២ គ្រឿង ត្រូវបាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ រៀបចំ​ដំឡើង​រួច និង​កំពុងដំណើរការ​បូម​រំដោះ​ជំនន់​ទឹកភ្លៀង ចេញពី​ដីស្រែ​កសិករ​ក្នុងស្រុក​មង្គល​បូរី​។​

គួរ​រំលឹក​ជូន​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​របស់​កសិករ​ជាង ២ ពាន់​ហិកតា រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។ ជា​ដំណោះស្រាយ​ចំពោះមុខ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​អន្តរាគមន៍​បើកទ្វារ​ទឹក​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​ទឹកជំនន់​ចេញពី​ក្នុង​ស្រែ ។ ជាមួយគ្នានេះ មន្ទីរ​ក៏​កំពុង​រៀបចំ​ដំឡើង​ម៉ាស៊ីន​បូម​ទឺ​ក​ចល័ត​ខ្នាត​មធ្យម ចំនួន​២ គ្រឿង ដើម្បី​ជួយ​ដល់​ការងារ​អន្តរាគមន៍​ខាងលើនេះ​ផងដែរ ធ្វើយ៉ាងណា​ធានា​នូវ​ការប្រមូល​ផល​របស់​កសិករ​បាន​ទាន់ពេលវេលា ។​

​ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃទី ៣១ ខែកក្កដា គឺ​ទន្លេមេគង្គ ស្ទឹងត្រែង ១០,៩៣​ម៉ែត្រ លើស​កម្រិត​ប្រកាសអាសន្ន ត្រឹមតែ​១០,៧០​ម៉ែត្រ​ប៉ុណ្ណោះ ទន្លេមេគង្គ​ក្រចេះ ២១,៦១​ម៉ែត្រ ទន្លេមេគង្គ​កំពង់ចាម ១៤,៧០​ម៉ែត្រ ទន្លេបាសាក់​ចតុមុខ ៨,៨១​ម៉ែត្រ ទន្លេមេគង្គ​អ្នក​លឿង ៦,៤៤​ម៉ែត្រ ទន្លេបាសាក់​កោះ​ខែល ៧,៤០​ម៉ែត្រ និង​ទន្លេសាប​ព្រែ​ក្តាម ៧,១៥​ម៉ែត្រ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close