ទីតាំង​ផ្ទះ ចំនួន​២០​ទៀត ត្រូវបាន​រដ្ឋបាលខេត្ត​សៀមរាប អនុញ្ញាត​បើក​ការចេញ​-​ចូល​ឡើងវិញ​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​មេត្តា​ជ្រាបថា​៖ ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ អ៊ឹង ខៃ​លី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និង​ឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១) រដ្ឋបាលខេត្ត​សម្រេច​បិទ​ទីតាំង​ផ្ទះ ចំនួន​២០​។​

​ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ និង​វិធាន​ច​ត្តា​ឡី​ស័ក បានធ្វើ​ឲ្យ​ករណីនេះ​បាន​វិល​ទៅរក​ភាពប្រក្រតី និង​ស្ថិតក្រោម​ការគ្រប់គ្រង ដូចនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត សម្រេច​បើក​ការចេញ​-​ចូល ឬ​ដំណើរការ​ឡើងវិញ​ទីតាំង​ផ្ទះ ចំនួន​២០ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ត្រូវ​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​អនុវត្ត​ប្រកាស​បើក​ដំណើការ​ទីតាំង​ពាក់ព័ន្ធ​ដូច​មាន​តារាង​ជូន​ភ្ជាប់​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ (​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​)​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ចៅសង្កាត់ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close