រថភ្លើង​កិន​មនុស្ស​ដាច់​ជា​២​កំណាត់ ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​រថភ្លើង​កិន​ដាច់​ជា​២ បង្ក​ការតក់ស្លុត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែងកើតហេតុ ។​

​ករណី​រថភ្លើង​កិន​មនុស្ស​ស្លាប់​នេះ​កើតឡើង​ត្រង់ចំណុច​ផ្លូវដែក ភូមិ​២២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ៥​រោច ខែ​ទុ​ធិ​យ​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុ​ជ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​០១ ខែសីហា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ សន សុ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មិនមាន​មុខរបរ​ពិត​ប្រាក ស្នាក់នៅ​ម្តុំ​វត្ត​ថ្លា ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ជួបជុំ​មិត្ត​ផឹកស៊ី​ដូចជា​ការហូប​បាយ​ថ្ងៃ ពេលនោះ​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ពី​កើ​តទៅ​លិច​ក៏​មកដល់ ស្រាប់តែ​ជនរងគ្រោះ​បាន​រត់​ចូល​រថភ្លើង​ត្រង់​ពាក់កណ្តាល ដោយ​មិនដឹង​មូលហេតុ​អ្វី​ឡើយ និង​ស្របពេល​កម្មវិធី​ផឹកស៊ី​បាន​ចប់​និង​បែក​គ្នា​ផងដែរ ។​

​យោងតាម​អ្នកបើកបរ​រថភ្លើង​បាន​មើល​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព ប្រាប់​អោយដឹងថា រថភ្លើង​មិនបាន​បុក​មនុស្ស​ដើរ​ស្រប​ឬ​លើផ្លូវ​ដែក​ទេ នៅពេល​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ​តែងតែ​ចុច​ស៊ី​ផ្លេ​និង​មាន​អ្នក​បិត​បើក​ប៉ា​រ៉ា​ស់​នៅពេល​ឆ្លងកាត់​ផ្លូវថ្នល់ គឺ​ជនរងគ្រោះ​បាន​រត់​មក​ចូល​រថភ្លើង​ធ្វើអត្តឃាត​តែម្តង ។​

​ស្របពេល​កើតហេតុ​ភ្លាមៗ​មាន​ពលរដ្ឋ​ចោមរោម​មើល​និង​ទៅ​មើល​ដោយ​ខ្លាចក្រែង​មានកូន​ចៅ​ឬ​ជា​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន ព្រមទាំង​បានធ្វើ​សេចក្តី​ការណ៍​ជូន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ចុះមក​ត្រួតពិនិត្យ ដើម្បី​ផ្តល់ដំណឹង​និង​ស្វែងរក​សាច់​ញា​ត្តិ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close