ឯកឧត្តម គួច ចំរើន ក្រើនរម្លឹកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត
ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវជូនសាធារណជនក្នុងខេត្តព្រះសីហនុ ឲ្យបានជ្រាបថា ប្រសិនបើសាធារណៈជនមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងកន្លងមក ម្យ៉ាងការយកសំណាកនេះគឺដើម្បីវិភាគរកមេរោគកូវីដ-១៩ បានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើង ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិតថែមទៀតផង យ៉ាងណាម៉ិញនៅខេត្តព្រះសីហនុរបស់យើងមានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ ហើយមូលហេតុដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រមទៅយកសំណាកវិភាគរកមេរោគកូវូដ-១៩ និងទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួនមានវីរុសកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នៅពេលយើងមានការសង្ស័យនូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់នឹងព្យាបាលជាសះស្បើយ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។