ឱសថបុរាណចិន LIANHUA QINGWEN ដែលគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ស្រាល ចំនួន៨៨០០០ប្រអប់ ត្រូវរដ្ឋាភិបាលចិន ផ្តល់ដល់កម្ពុជា
ថ្នាំបុរាណចិន ដែលមានឈ្មោះថា Lianhua Qingwen ចំនួន ៨៨០០០ ប្រអប់ ត្រូវបានរាជរដ្ឋាភិបាលចិនផ្តល់ជាជំនួយមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា ឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនបត្របញ្ជិកាជូនកាលពីពេលថ្មីៗនេះ ដែលមានន័យថា ថ្នាំនេះ ត្រូវបានអនុញ្ញាតឱ្យចរាចរ នៅក្នុងទីផ្សារប្រទេសកម្ពុជា។
បើយោងតាមមន្រ្តីសុខាភិបាលថា ឱសថបុរាណចិន «LIANHUA QINGWEN» នេះ មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ករឺឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។
ជាមួយគ្នានេះដែរ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនថា នៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីឆ្នាំទៅ ថ្នាំនេះ ត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតិឲ្យប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិនក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានលក្ខណៈធូរស្រាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។