រាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតិឲ្យពលរដ្ឋអាចជិះរថភ្លើង និងរថយន្តក្រុងឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យជាតិចំនួន២
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់កាលពីព្រឹកមិញនៅខណ្ឌពោធិ៍សែនជ័យ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចគ្រោងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើង ក៏ដូចជារថយន្តក្រុងដោយឥតគិតថ្លៃ នៅរៀងរាល់ពិធីបុណ្យជាតិចំនួន២ គឺពិធីបុណ្យចូលឆ្នាំ និងពិធីបុណ្យភ្ជុំបិណ្ឌ។

សម្តេចបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងពិភាក្សាពីរឿងមិនយកថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋខ្មែរ ជាមួយនឹងក្រុមហ៊ុនបម្រើការផ្លូវដែក Royal Railway និងក្រុមហ៊ុនរថយន្តក្រុងសាធារណៈ។ ដោយសម្ដេចបានបញ្ជាក់បន្ថែមថា ផ្លូវរថភ្លើង និងឡានក្រុង របស់រដ្ឋ មិនត្រូវយកលុយរៀងរាល់ពេលចូលឆ្នាំ និងភ្ជុំបិណ្ឌ ។ ដែលធ្វើដូច្នេះ បើតាមសម្ដេច ម្ចាស់រថយន្ត ដែលធ្លាប់ដំឡើងថ្លៃ នឹងមិនអាចដំឡើងថ្លៃបាននោះទេ ។
ព្រមជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យលោក ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group កុំយកលុយពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថភ្លើងពី ភ្នំពេញ-ព្រះសីហនុ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល ៣ឬ៤ថ្ងៃ នាពេលខាងមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធចំណតកាណូតដឹកអ្នកដំណើរនៅខណ្ឌឬស្សីកែវកាលពីថ្ងៃទី០១ ខែសីហា ម្សិលមិញ សម្តេចតេជោ ក៏បានប្រកាសដែរថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមកាណូតពីភ្នំពេញទៅតាខ្មៅ និងតាមរថភ្លើង ពីភ្នំពេញ ទៅកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៨។ សម្តេចបានបញ្ជាក់ថា ការមិនយកថ្លៃទៅលើការជិះកាណូត និងរថភ្លើងនេះ គឺដើម្បីជាការអបអរដល់ជោគជ័យសេដ្ឋកិច្ចសង្គម និងនយោបាយរបស់ប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។