ក្រសួង​សាធារណការ​៖ ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ១៦១​គ្រឿង និង​ផាកពិន័យ​បាន​ជាង ២​រយ​លាន​រៀល ក្នុង​ខែមេសា ឆ្នាំ​២០២១

​ភ្នំពេញ​៖ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ខែមេសា ឆ្នាំ​២០២១ បាន​ចាប់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ១៦១​គ្រឿង ដោយ​ធ្វើ​ការពិន័យ​បាន​ថវិកា​សរុប​ចំនួន ២២២ ០០០ ០០០​រៀល ដែលមាន​ការថយចុះ​តិចជាង​ចំនួន ១២២​គ្រឿង ស្មើ​៤៣ % បើ​ធៀប​នឹង​ទិន្នន័យ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ មាន​ចំនួន ២៨៣​គ្រឿង​។

​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងអស់ ត្រូវ​ដឹងថា ការបង្ក​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការដឹកជញ្ជូន​លើស​ទម្ងន់ គឺ​បាន​បំផ្លាញ​ផ្លូវជាតិ នាំឱ្យ​ខាតបង់​ថវិកាជាតិ ព្រមទាំង​បង្ក​នូវ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជីវិត​មនុស្ស​ផងដែរ​។​

​ទន្ទឹម​នោះ​សូម​បងប្អូន​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close