សប្តាហ៍នេះ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ក្រសួងស្នើដល់ពលរដ្ឋរស់នៅតំបន់វាលទំនាបកណ្តាល និងខេត្តជាប់ប្រទេសវៀតណាម ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានពីថ្ងៃទី១៣-១៦ ខែឧសភា។
បើតាមការបញ្ជាក់របស់ក្រសួងថា ក្នុងអំឡុង ១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលវានឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាលមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ ហើយផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគកណ្តាល ភាគខាងត្បូង និងបណ្តាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យម ទៅបង្គួរ។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។