កូវីដ១៩បំប្លែងថ្មី ប្រភពពីឥណ្ឌា ឆ្លងទៅដល់ទីក្រុងហាណូយ និងខេត្តភាគខាងជើង នៃប្រទេសវៀតណាមហើយ
វៀតណាម៖ សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញថា អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាមបានរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ក្រោយការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត ។
ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុនថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈដែលសំណាកពីរទៀត គឺមកពីខេត្ត Hung Yen និង៥ទៀតមកពីខេត្ត Thai Binh ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.2 ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ហើយ ខណៈវៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាជាលើកដំបូងនៅថ្ងៃទី៣០ ខែមេសាកន្លងទៅ លើជនជាតិឥណ្ឌា៤នាក់ និងជនជាតិវៀតណាមម្នាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។