ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប​ទទួលបាន​សេរីភាព​ឡើងវិញ​ក្រោយ​ការចាក់​វ៉ាក់សាំង​បាន​ច្រើន​

​ពលរដ្ឋ​នៅក្នុង​ប្រទេស​ជាច្រើន ក្នុង​តំបន់​អឺរ៉ុប មាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដោយ​ខ្លួន​ទទួលបាន​សេរីភាព​ឡើងវិញ​ក្រោយ​រយៈពេល​ជាច្រើន​ខែ​ត្រូវ​រស់នៅ​ក្នុងផ្ទះ​ដោយ​ច្បាប់​បម្រាប់​គោចរ ការបិទ​ប្រទេស​។​

​នៅពេលនេះ​បណ្តា​សាលារៀន ភោជនីយដ្ឋាន ឆ្នេរសមុទ្រ និង​ទីតាំង​សាធារណៈ​នានា​…​បាន បាន​បើកទ្វារ​ដំណើរការ​ឡើងវិញ​។ តំបន់​អឺរ៉ុប​កំពុងតែ​ឆ្លង​ផុត​ដំណាក់កាល​អាក្រក់​បំផុត​របស់ខ្លួន​ដោយសារតែ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ បាន​ច្រើន​។​

​ពលរដ្ឋ​អេស្បាញ​សម្បាយ​រីករាយ​យ៉ាងខ្លាំង ដោយបាន​ច្រៀង​រាំ​នៅតាម​ផ្លូវ​ថ្នាក់​ក្រោយ​ច្បាប់​ទប់​បម្រាប់​គោចរ​បានបញ្ចប់​។ នៅក្នុង​ទីក្រុង​ជាច្រើន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ពលរដ្ឋ​បាន​ជួបជុំគ្នា​អបអរសាទរ​ការបញ្ចប់ បម្រាម​គោចរ នៅ​១៣​តំបន់ ក្នុងចំណោម​១៧​តំបន់​ដែល​បានអនុម័ត​ក្នុងប្រទេស​នេះ​។​

​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​បាន​ជួបជុំគ្នា​នៅ​ឆ្នេរសមុទ្រ​ទីក្រុង Barcelona និង​តាម​ផ្លូវថ្នល់​នានា​ក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ដ​ដើម្បី​អបអរសាទរ​ដល់​ការបញ្ចប់​បម្រាម ដែល​បាន​អនុវត្ត​រយៈពេល​៦​ខែ​នៅក្នុង​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ។ មនុស្ស​ជាច្រើន​មិន​ពាក់​ម៉ាស់​ឡើយ​ពេល​ជួបជុំគ្នា ដោយ​មិន​គោរព​ទៅតាម​វិធានការ សុខាភិបាល​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​នោះឡើយ​។ បើទោះបី​លុប​បម្រាម ប៉ុន្តែ​មិនទាន់​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​លើសពី​៦​នាក់​នោះឡើយ​។​

​ការជួប​ជុំគ្នា​លើសពី​៦​នាក់​នៅតែ​បន្ត​ហាមប្រាម​នៅឡើយ​ដោយសារតែ​នៅមាន​ករណី​ឆ្លង​ខ្ពស់​នៅឡើយ​ទេ​។​កម្លាំង​ប៉ូលិស​បាន​ទៅ​ព្រមាន​ពលរដ្ឋ​ដែល​ជួបជុំគ្នា អាច​នឹង​បង្ក​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​កើតឡើង​។ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ កម្លាំង​ប៉ូលិស​ត្រូវ​ទៅ​បញ្ឈប់​ការ​ច្រៀង​រាំ​របស់​ពលរដ្ឋ ក្នុង​តំបន់ Puerta del Sol ។​

​គិត​មកដល់​ដើម​សប្តាហ៍​នេះ​មាន​ពលរដ្ឋ​អេ​ស្ប៉ា​ញ​ជិត ២៨% បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​ទីមួយ និង ១២% ចាក់​រួចរាល់​ដូ​ស​ទី​ពិរ​។ លោក Natalia Pardo Lorente អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៅ​ទីក្រុង Barcelona បាន​និយាយ​ទៅកាន់​សារព័ត៌មាន​CNN ថា «​ខ្ញុំ​ពិតជា​បារម្ភ​យ៉ាងខ្លាំង​ពី​ការឆ្លង​រាលដាល​ខ្ពស់​ជាថ្មី​ឡើងវិញ បើទោះបី​អ្នក​ដែល​ជួបជុំគ្នា​នោះបាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ក្តី​»​។​
​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មាន​គម្រោង​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​ដូ​ស​អាច​ធ្វើដំណើរ​កម្សាន្ត​បាន​ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close