ស្លាប់និងរបួស ២១នាក់ ដោយការបាញ់ប្រហារនៅសាលារៀនក្នុងប្រទេសរុស្ស៊ី
ការបាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើង នៅក្នុងទឹកដីរុស្ស៊ី បណ្តាលឲ្យមានមនុស្ស១១នាក់ស្លាប់ ភាគច្រើនជាសិស្ស និង ១០ នាក់រងរបួស ។ការបាញ់ប្រហារ នៅសាលារៀនស្ថិតនៅក្នុងតំបន់ Kazan នៃសាធរណរដ្ឋ Tatarstan ស្ថិតនៅក្នុងប្រទេសរុស្ស៊ីនាថ្ងៃទី ១១ខែឧសភា ។
សិស្សនិង គ្រូបង្រៀនត្រូវបានជម្លៀសចេញពីអគារសាលាក្រោយឮស៊ូស្នូកាំភ្លើងជាច្រើនគ្រាប់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមនុស្សជាច្រើនបានព្យាយាមចេញតាមបង្អួច គេចចេញពីការបាញ់ប្រហារ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់ដែលបាញ់ប្រហារនោះគឺជាយុវជនអាយុ ១៩ ឆ្នាំ ជាមួយនិងកាំភ្លើង មួយដើម ។ ពេលដំបូងមានមនុស្សជាច្រើនលើកឡើងថាមានជនដៃដល់ម្នាក់ទៀតចូលរួមក្នុងការតទល់ជាមួយកម្លាំងប៉ូលិស។ ប៉ុន្តែមន្ត្រីក្នុងតំបន់បានបញ្ជាក់ថាជនដៃដល់ធ្វើសកម្មភាពវាយប្រហារ តែម្នាក់ឯងប៉ុណ្ណោះ។
លោក Rustam Minnikhanov មេដឹកនាំ តំបន់ Tatarstan ក៏បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី១១ខែឧសភា(ពេលវេលាក្នុងតំបន់)។ លោក Rustam Minnikhanov បានលើកឡើងថាមានសិស្សប្រុស ៣នាក់ និងសិស្សស្រី៣នាក់ ក្រៅពីនេះនៅមានអ្នករងរបួសជាច្រើន។ មកទល់ពេលនេះអ្នកស្លាប់បានកើនឡើង១១នាក់ហើយ។
សកម្មភាពបាញ់ប្រហារខាងលើកើតឡើង ក្រោយពេលពលរដ្ឋរុស្ស៊ីបានវិលត្រឡប់មកធ្វើការវិញបន្ទាប់ពីឈប់ម្រាក់ រយៈពេល១០ ថ្ងៃ ចាប់តាំងពីទិវាពលកម្ម រហូតដល់ទិវាជ័យជម្នះ៧៦ឆ្នាំលើរបបណាស៊ីអាល្លឺម៉ង់។
ទីក្រុង Kazan មានចម្ងាយពីទីក្រុងមូស្គូ ៨០០ គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាជាទីក្រុងធំទីបីរបស់រុស្ស៊ី មានពលរដ្ឋរស់នៅ១,២ លាននាក។ ពលរដ្ឋរស់នៅទីនភាគច្រើនជាជនជាតិអីស្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។