អាល់កុល​ក្លែងក្លាយជិត ១២​តោន ត្រូវបាន​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅ​ទីផ្សារ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង បាន​នាំយក​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ​ជិត ១២​តោន ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​សារធាតុ​មេ​តា​ណុល​ទាំងនេះ ត្រូវបាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រួត​ពិនិត្យឃើញ និង​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុងដំណាក់កាល​ដែល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើឱ្យ​តម្រូវការ​អាល់កុល​មានការ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល (Methanol) មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។

​សារធាតុ​គីមី​មេ​តា​ណុល​គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​។​

​ជាមួយគ្នា​នោះ សូម​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់​ទាំងអស់ សូម​ពិនិត្យ​និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែ​ល យកមកប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close