បញ្ជូន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ ករណី​បង្ក​ហិង្សា​ដោយ​ប្រើ​អាវុធ​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជូន​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​គប់​ដោយ​ដុំថ្ម និង​ពូថៅ​) ទៅកាន់​តុលាការ​។

​ជនសង្ស័យ​ទាំង ៣​នាក់​នោះ ទី​១-​ឈ្មោះ ចាន់ ប៊ុនធឿន ហៅ​លីន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​, ទី​២-​ឈ្មោះ ឡេ ឡេង ហៅ​ឡុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និ​ទី​៣-​ឈ្មោះ ឈុំ សម្បត្តិ ហៅ​បាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ចំណែក​វត្ថុតាង​ដកហូត​បាន ពូថៅ​ដង​ឈើ ប្រវែង​៤៥​សង់ទីម៉ែត្រ​ចំនួន​១​។

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​គប់​ដោយ​ដុំថ្ម និង​ពូថៅ​) បានកើត​ឡើង​នៅ​ចំណុច ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​សកម្មភាព​នេះ បង្កដោយ​ក្រុម​ជនសង្ស័យ​ខាងលើ ទៅលើ​ជនរងគ្រោះ​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close