ក្រុមហាម៉ាស់ បាញ់រ៉ុក្កែត ជាង ២០០គ្រាប់សងសឹកអីស្រាអែល ស្ថានភាពកាន់តែអាក្រក់
ក្រុមឧទ្ទាមប៉ាឡេស្ទីន នៅថ្ងៃទី ១២ខែឧសភា បានប្រកាសថាបានបាញ់រ៉ុក្កែតជាង ២០០គ្រាប់ទៅលើទីតាំងនានារបស់អីស្រាអែលជាការសងសឹកដល់ការវាយប្រហារពីអីស្រាអែល។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែត១១០គ្រាប់ទៅលើទីតាំងក្នុងរដ្ឋធានី Tel Aviv និងរ៉ុក្កែត១០០គ្រាប់ទៀតទៅលើទីតាំងនៅក្នុងស្រុក Beersheva ភាគខាងត្បូងប្រទេសនេះ។ ជាមួយគ្នានេះសារព័ត៌មាន Shehab មានទីតាំងនៅហ្គាហ្សា បានផ្សាយថា កងពល Al-Qassam របស់ហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់អីស្រាអែល ។
កម្លាំងទាហានអីស្រាអែលក៏បានវាយស្ទាក់បានគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ផងដែរ។ ប៉ុន្តែដោយការវាយប្រហារតាមបែប«ព្យុះមីស៊ីល» ក្រុមការពាររបស់អីស្រាអែលមិនអាចទប់ស្កាត់បានទាំងអស់នោះឡើយ ដោយមានការខូចខាតទ្រព្យសម្បត្តិនិងអាយុជិវិតផងដែរ។
ក្រុមហាម៉ាស់បានប្រកាសថា បានសម្លាប់ជនជាតិអីស្រាអែល២នាក់ និងរងរបួសជាច្រើន នាក់ ក្នុងការបាញ់ប្រហារដោយមីស៊ីលទៅលើតំបន់ Ashkelon និង Ashdod ។ មន្ទីរសុខាភិបាលនៅហ្គាហ្សា បានប្រកាសថា មានមនុស្ស២៨នាកស្លាប់ ក្នុងនោះមានកុមារ១០ នាក់និងរងរបួស១៥២នាក់ ដោយការវាយប្រហារទៅលើទីតាំងនានា នៅហ្គាហ្សា។
ចំណែករដ្ឋាភិបាលអីស្រាអែលវិញ ក៏បានបញ្ជាក់ផងដែរថា មានមនុស្ស២នាក់ស្លាប់ និង របួសជាង ៣០ នាក់ដោយការវាយប្រហារពីក្រុមឧទ្ទាមហាម៉ាស់នៅហ្គាហ្សា។ សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី។ អង្គការសហប្រជាជាតិ បានស្នើដល់ភាគីទាំងពីររក្សាការអត់ធ្មត់បញ្ចៀសការវាហារគ្នាទ្រង់ទ្រាយធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។