វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ មាន​ប្រសិទ្ធភាព​៩៨% ការពារ​មិន​ឲ្យ​ស្លាប់ និង​៩៦% មិនបាច់​ចូល​ពេទ្យ​

​ទីភ្នាក់ងារ​អង់គ្លេស រយ​ធឺ ពាន​ចេញផ្សាយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac មាន​ប្រសិទ្ធភាព ៩៨% ក្នុងការ​ការពារ​មិន​ឲ្យ​ស្លាប់ និង ៩៦% មិន​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងចំណោម​ក្រុម​បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ នេះ​បើតាម​ការសិក្សា​ថ្មី​មួយ​។​

​ទិន្នន័យ​របស់​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី​បានបង្ហាញ កាលពី​ថ្ងៃ​ពុធ ទី​១២ ឧសភា ២០២១​ថា ចំនួន​គ្រូពេទ្យ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ចាប់តាំងពី​ពេលដែល​ប្រទេស​ឥណ្ឌូណេស៊ី​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅក្នុង​ឆ្នាំនេះ​មក​។

ការរកឃើញ​នេះ​ផ្អែកលើ​ទិន្នន័យ​ពី​បុគ្គលិក​សុខាភិបាល​ចំនួន ១២០០០០ នាក់​នៅ​ក្រុង​ទីក្រុង​ហ្សា​ការ​តា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅ​រវាង​ខែមករា​និង​មីនា​នៅក្នុង​ឆ្នាំនេះ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​លោក Pandji Dhewantara ដែលជា​អ្នកដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​នេះ​។​

​លោក Pandji​ថា ការសិក្សា​ស្រាវជ្រាវ​ក៏​រកឃើញថា វ៉ាក់សាំង​នេះ​ក៏​អាច​ការពារ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ មិន​ឲ្យ​ចេញ​រោគសញ្ញា បាន ៩៤% ផងដែរ នៅក្នុង​ចំណោម​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​។​

​របាយការណ៍​នេះ​បានបង្ហាញ ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ដែល​អង្គការ​សុខភាព​ពិភពលោក​សម្រេច​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន ស៊ី​ណូ​ហ្វា​ម ជា​ករណី​បន្ទាន់ ប៉ុន្តែ​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់​មិនទាន់​ប្រកាស​បែបនេះ​នៅឡើយ​ទេ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close