អភិបាលខេត្ត​កំពង់ស្ពឺ ដកហូត​ដីព្រៃ​ជិត ២០០​ហិកតា ពី​ក្រុម​ជន​ទុច្ចរិត ក្រោយ​មានការ​កាប់​រាន​ខុសច្បាប់​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានសម្រេច​ដកហូត​ដីព្រៃ​១​កន្លែង មាន​ផ្ទៃ​ប្រមាណ ១៧១​ហិកតា និង​២៨​អារ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ខ្តេះ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្រោយ​មាន​ការកាប់​រានទន្ទ្រាន​ខុសច្បាប់ យក​ធ្វើជា​កម្មសិទ្ធិ​ពី​ក្រុម​ជន​ទុច្ចរិត​។

​ក្នុង​សេចក្តីសម្រេច​នោះ បញ្ជាក់ថា ទីតាំង​ដីព្រៃ​ខាងលើ ស្ថិតនៅ​ភូមិសាស្ត្រ​ភូម​ភូមិ​ខ្តេះ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានទទួល​រង​នូវ​កាប់​គាស់ រុករាន ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្ម​សិទ្ធ​។ ហើយ​ទីតាំង​ដីព្រៃ​នេះ គឺ​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​។ ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ទុក​ឱកាស​ឱ្យ​យ​ក្រុម​ជន​ដែល​បាន​កាប់​គាស់​រុករាន គ្រប់គ្រង​ដោយ​ខុសច្បាប់​ទាំងនោះ រយៈពេល​៣០​ថ្ងៃ ដើម្បី​ចូលខ្លួន​តវ៉ា​ផងដែរ​។​

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​គាស់ រុករាន ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ដោយ​ខុសច្បាប់​លើ​តំបន់ការពារធម្មជាតិ និង​អ្នកពាក់ព័ន្ធ​នានា ត្រូវ​អនុវត្តន៍​ដីកា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close