ថៃ រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​

​នៅ​ថ្ងៃទី ១៣​ខែឧសភា នេះ​ថៃ​បានប្រកាសថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ កើនឡើង​ដល់​ទៅ ជិត​៥​ពាន់​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង និង ស្លាប់​៣២​នាក់​។ ករណី​ឆ្លង​ច្រើន ក្រោយ​ការរកឃើញ​អ្នកទោស​នៅ​ពន្ធនាគារ​វិជ្ជមាន​កូ​វីដ​១៩​។​

​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី ១៣​ខែឧសភា បាន​ផ្សាយ​ថា ក្រសួងសុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 រហូតដល់​ទៅ ៤,៨៨៧​នាក់ និង​អ្នកជំងឺ ៣២​នាក់​ទៀត​ស្លាប់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ វា​ជា​តួលេខ​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​ខ្ពស់់បំផុត ដែល​ប្រទេស​ថៃ​មិន​ធ្លាប់​ជួបប្រទះ​នោះឡើយ​។​

​តួលេខ​ឆ្លង​យ៉ាងគំហុក​ខាងលើ​កើនឡើង ក្រោយ​អាជ្ញាធរ​ថៃ​បាន​ទទួលស្គាល់ថា កាលពី​កំឡុងពេល ២៤​ម៉ោង​កន្លងទៅ ពួកគេ​បាន​រកឃើញ​អ្នកទោស​ជិត ៣,០០០​នាក់​ក្នុង​ពន្ធនាគារ​បាន​ឆ្លង COVID-19 ក្នុងនោះ​មាន​អ្នកទោស ១,៧៩៥​នាក់​ត្រូវបាន​រាយការណ៍​ចេញពី​ពន្ធនាគារ​បាងកក (Bangkok Remand) និង ១,០៤០​នាក់ ត្រូវបាន​រកឃើញ​នៅឯ​មណ្ឌល​កែប្រែ​មួយទៀត (Central Women’s Correctional Institution)​។​

​ក្រោយ​បូក​បញ្ចូល​តួលេខ​ថ្មី​ខាងលើ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​ថៃ​កើន​ដល់ ៩៣,៧៩៤​នាក់ ក្នុង​ស្លាប់​កើន​ដល់ ៥១៨​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close