សមត្ថកិច្ច បង្ហាញមុខខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀនជិត ៧គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីចុងសប្តាហ៍នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនលាក់ក្នុងបញ្ញើរ តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ដោយចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជិត ៧គីឡូក្រាម នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស ជាជនជាតិចិន បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ បានរឹបអូសវត្ថុតាងបាន អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ), កេតាមីន(Ketamine) ទម្ងន់ 5kg 578.95g, មេតំហ្វេតាមីន(ICE) 93.19g និងសារធាតុផ្សំ (មិនច្បាស់ប្រភេទ) 12kg 440g និង ១០កំប៉ុង ស្មើទម្ងន់ 1kg។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរបន្ត ដើម្បីតាមចាប់មុខសញ្ញាពាក់ព័ន្ធ ដែលកំពុងរត់គេចខ្លួន និងបន្តសហការជាមួយភាគីវៀតណាមស្រាវជ្រាវ បង្ក្រាបមុខសញ្ញាអ្នកទទួលបញ្ញើរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។