ថ្ងៃទី​ពីរ​ហើយ ដែល​ឥណ្ឌា​មាន​ករណី​ឆ្លង​កូ​វីដ​១៩ ក្រោម​៣​សែន​នាក់ តែ​អ្នកស្លាប់​កើនឡើង​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​ឥណ្ឌា ធ្លាក់​ចុះក្រោម​៣​សែន​នាក់​ជា​ថ្ងៃទី​ពីរ​ហើយ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​វិញ​នៅតែ​ខ្ពស់​ដដែល ដោយមាន​អ្នកស្លាប់​ជាង​៤៣០០​នាក់​ក្នុង​មួយថ្ងៃ​។​ចំណែក​ករណី​ឆ្លង​ថ្មីៗ​សរុប ២៦៣,៥៣៣​នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​រយៈពេល​ដូចគ្នា​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​ទូទាំងប្រទេស​ឥណ្ឌា​កើន​ដល់ ២៥.២​លាន​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៧៨,៧១៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ​ជិត ២១.៦​លាន​នាក់ ខណៈ​អ្នកជំងឺ ៣.៣៥​លាន​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល និង​រង់ចាំ​ការព្យាបាល​។​

​គួរ​បញ្ជាក់ថា ទោះបីជា​ករណី​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ COVID-19 នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ក្តី ក៏​ប្រទេស​ឥណ្ឌា នៅតែ​មិន​ធ្វើ​ការបិទ​ប្រទេស​ទាំងមូល​ដែរ ខណៈ​បណ្តា​រដ្ឋ​មួយចំនួន​បានសម្រេច​ចិត្ត lockdown និង​រាំងខ្ទប់​ការធ្វើដំណើរ​មិនចាំបាច់​ខ្លះៗ​ប៉ុណ្ណោះ​។​

​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 វិញ មកទល់ពេលនេះ​គឺ​ឥណ្ឌា​សម្រេចបាន​ជាង ១៨៤​លាន​ដូ​ស ក្នុងនោះ​ជាង ៤០​លាន​នាក់ ចាក់​បាន​គ្រ​ប់ដូ​ស​។ បន្ថែម​ពីនេះ ការធ្វើ​តេស្ត​រក COVID-19 នៅ​ទូទាំងប្រទេស ក៏​កំពុង​ស្ថិតក្នុង​ភាព​សកម្ម​បំផុត​ផងដែរ ដោយ​ប្រជាជន​ឥណ្ឌា​សរុប​ជាង ៣១៨​លាន​នាក់ ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ​នេះ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១,៣០០​លាន​នាក់​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close