សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​ករណី​ពុល​ស្រា បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជិត ១០​នាក់ នៅ​ស្រុក​ល្វាឯម​

​ខេត្តកណ្តាល​៖ ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​ស្តីពី​មាន​ហេតុការណ៍​ពុល ដែល​បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​រហូតដល់​០៩​នាក់ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល រួមជាមួយ​មន្ត្រី​ជំនាញ​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​ចុះ​សហការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ស្គរ ឃុំ​សារិកា ស្រុក​ល្វា​ឯក ខេត្តកណ្តាល ដើម្បី​ពិនិត្យ​និង​ស្វែងរក​សំណាក​ដែល​នៅ​សេសសល់ មក​វិភាគ​រក​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​ពុល​។

​ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ស្រាស និង​ស្រាថ្នាំ ដែល​សង្ស័យថា​ជាដើម​ហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​។ ការត្រួតពិនិត្យ​នេះ ត្រូវបាន​ធ្វើឡើង ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុងការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានធ្វើ​តេ​ស្តិ៍​ដោយ​ឧបករណ៍​រថយន្ត​ពិសោធន៍​ចល័ត និង​ទទួលបាន​លទ្ធផល​បឋម ដូចខាងក្រោម​៖
– ស្រាស​ត្រាំ​ថ្នាំ មាន​សារធាតុ​មេ​តា​ណុល ២.៥%
– ស្រាស មាន​សារធាតុ​មេ​តា​ណុល ២.៥%
– ស្រាស​ទើបតែ​បិត​ហើយ មិនមាន​សារធាតុ​មេ​តា​ណុល​ទេ​។​

​ជាមួយគ្នា​នោះ មន្ត្រី​ក​.​ប​.​ប​. បាន​ដកយក​គំរូ​មួយចំនួន បញ្ជូនមក​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​បញ្ជាក់​លទ្ធផល​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close