ភ្លើង​ឆាបឆេះ​ព្រៃ​លិច​ទឹក ១០០​ហិកតា ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង សង្ស័យ​មាន​គេ​លួច​ដុត​

​ខេត្តសៀមរាប​៖ លោក គង់ មង្គល ប្រធាន​សហគមន៍ សមាគម​ទេសចរណ៍វប្បធម៌​ធម្មជាតិ បឹង​ពារាំង បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង និង​បាន​រាលដាល​ខ្លាំង​ឡើងៗ មិនអាច​គ្រប់គ្រង​បាន បើទោះបី​ជាមាន​ការជួយ​អន្តរាគមន៍​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្តី និង​យើង​បាន​កាយ​មុខ​ភ្លើង​ពី​២០​ទៅ​៣០​ម៉ែត្រ​ដែរ តែ​មិនអាច​ទប់​ជាប់ ព្រោះតែ​អណ្តាតភ្លើង​វា​ឆាប​រាល​ដល់​ទៅ​ជាង​១០០​ម៉ែត្រ​ឯណោះ ប៉ុន្តែ​ភ្លើង​បាន​រលត់​អស់​ប្រមាណ​ជា​៩០​ភាគរយ​ហើយ ដោយសារ​ភ្លៀង​កាលពី​យប់មិញ ។

​លោក គង់ មង្គល បាន​ឲ្យ​ដឹង​ទៀតថា គិត​មកទល់​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​នេះ ភ្លើង​បាន​ឆេះ​ព្រៃ​លិច​ទឹក​អស់​ប្រមាណ​ជា​១០០​ហិកតា ហើយ​ការឆេះ​ព្រៃ​លិច​ទឹក​នេះ គឺ​មិនមែនជា​រឿង​ចៃដន្យ​ទេ តែ​វា​បាន​បង្កឡើង​ដោយ​មនុស្ស ដែល​ពេលនេះ សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​អស់ហើយ ។​

​គួររំលឹកថា បឹង​ពារាំង ជា​បឹង​អភិរក្ស​ត្រី​មេ​ពូជ​ដ៏​សំខាន់​មួយ​នៅជាប់​មាត់បឹង​ទន្លេសាប មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ចំនួន​បី គឺ​សង្កាត់​ចុង​ឃ្នៀ​ស សង្កាត់​សៀមរាប និង​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប ហើយ​បឹង​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សហគមន៍ សមាគម​ទេសចរណ៍វប្បធម៌​ធម្មជាតិ បឹង​ពារាំង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close