រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត
ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត គឺឈ្មោះ ធី ផា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្ទោង ប៉ុន្តែដោយស្ថានភាពជំងឺមិនធូរស្រាល ក៏បានចេញមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែដោយមានករណីសង្ស័យ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យកសំណាកធ្វើតេស្តស្រាវជ្រាវ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
តាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា តាមរយៈរបាយការណ៍ពីការត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code Stop Covid-19 “ទប់ស្កាត់កូវីដ-១៩” នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានបង្ហាញថា មានអ្នករួមដំណើរជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ ក្នុងនោះកូនក្មេងអាយុ២ឆ្នាំ ម្នាក់ មិនបានចុះឈ្មោះទេ , មនុស្សចំនួន ០៣នាក់ បានបន្តដំណើរទៅខេត្តព្រះវិហារ , ម្នាក់ទៀតបានបន្តដំណើរទៅខេត្តបាត់ដំបង និង ចំនួន ០២នាក់ទៀត បានស្នាក់នៅក្នុងខេត្តសៀមរាប ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប ។
ដោយឡែកចំពោះអ្នករួមដំណើរជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានធ្វើដំណើរចេញពីខេត្តសៀមរាបហើយនោះ រដ្ឋបាលខេត្តសៀមរាប បានផ្ដល់ព័ត៌មានទៅកាន់រដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ។
រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៥០នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។