អាមេរិក ចេញច្បាប់ប្រឆាំងការរើសអើងជាតិសាសន៍ អាស៊ី
រយៈពេលកន្លងមកការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី ក្រោយពេលជនជាតិអាស៊ីជាច្រើនរងការវាយប្រហារ ដោយសារតែចោទប្រកាន់ជាប្រភពបង្កឲ្យមានកូវីដ១៩ ។ នៅពេលនេះសភាតំណាងរាស្ត្រអាមេរិកបានអនុម័តហើយនូវច្បាប់ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការរើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ហើយកំពុងបញ្ជូនច្បាប់នេះឱ្យលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាដើម្បីឱ្យវាក្លាយជាច្បាប់ជាផ្លូវការ។
សេចក្ដីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីពេលថ្មីៗនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រក្នុងសំឡេងគាំទ្រភាគច្រើនលើសលប់ ៣៦៤ ទល់នឹង ៦២សំឡេងជំទាស់។ ច្បាប់ថ្មីនេះនឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិកផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើម កំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា អំពើហិង្សាលើពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីបានកើនឡើងយ៉ាងខ្លាំង អំឡុងការឆ្លងរាតត្បាត COVID-19 ជាពិសេសក្រោយមានករណីបាញ់ប្រហារ សម្លាប់ស្ត្រីជាជនជាតិអាស៊ី ៦នាក់ ក្នុងរដ្ឋ Georgia កាលពីខែមីនាកន្លងទៅ។ បើតាមអង្គការសង្គមស៊ីវិល Stop AAPI Hate អំពើហិង្សាប្រឆាំងជនជាតិអាស៊ីនៅទូទាំង សហរដ្ឋអាមេរិកបានកើតឡើងចំនួន ៣,៧៩៥ករណី រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។